thumb image

សេរីភាពសិល្បៈនៅកម្ពុជា ៖ នៅពេលដែលការការពារតាមផ្លូវច្បាប់​មិនគ្រប់គ្រាន់

នៅខែកញ្ញា ឆ្នាំ២០២០ អាជ្ញាធរកម្ពុជា​បានចាប់ខ្លួន​អ្នកចម្រៀងរ៉ែបវ័យក្មេងពីររូប គឺ គា សុគន្ធ និង​ឡុង ពុទ្ធារ៉ា ទាក់ទងទៅនឹងពាក្យពេចន៍រំលេចនៅក្នុង​បទចម្រៀង ដីខ្មែរ របស់ពួកគេ​ ដែល​ចេញ​កាលពីខែមេសា ឆ្នាំ២០២០។ បទចម្រៀងនេះ​បានទាក់ទាញឱ្យមានការទស្សនារហូតដល់ជាង​ ២,២លានលើក​ អំឡុងពេល​៥ខែ​បន្ទាប់ពីការចេញផ្សាយ។ បទដីខ្មែរ នេះ​ជំរុញឱ្យយុវជនខ្មែរទាំងឡាយ​ក្រោក​ប្រឆាំងនឹង​ការគាបសង្កត់ ​អំពើពុករលួយ បោះបង់ចោលគ្រឿងស្រវឹង ហើយយកចិត្តទុកដាក់​លើបញ្ហាទឹកដី។ នៅក្នុង​បទចម្រៀងនេះ សុគន្ធរ៉ែបថា៖

«ខ្ញុំចាប់កំណើតកើតនៅលើដីកម្សត់ មានបេះដូងអព្យាក្រឹត​ ប្រឆាំងជាមួយនឹងជនក្បត់ វ៉ៃយកកេរដំណែល ក្រវែលអ្នកគាបសង្កត់ ជួយជាតិតាមសំឡេង ឱ្យគេឮតាមបទ។ ខ្ញុំអ្នកសៀមរាបរស់នៅលើដីប្រាសាទ មានឈាមវរ្ម័នក្លាហានមិនបាក់ស្បាត ឈរតំណាងទឹក តំណាងដី តំណាងសាសន៍ លើកទង់ជាតិកម្ពុជា ស្មើមេឃ ស្មើអាកាស។»

ពាក្យពេចន៍របស់សុគន្ធ​ គឺពោរពេញ​ទៅដោយមនោសញ្ចេតនា ជាតិនិយម ជាពិសេសពេលដែលសិល្បកររូបនេះ​រម្លឹកដល់អ្នកស្ដាប់ថា ៖

«យើងបើអស់ដីគ្មានអ្វីនៅទៀតទេ… 

សាសន៍មួយចំនួនកំពុងតែឈ្លានពាន ពេលដែលបាក់សាមគ្គីគេនឹងមកទន្ទ្រាន…»

បើទោះបីជាបទចម្រៀងទាំងមូលមិនលើកយកពាក្យ «វៀតណាម» មកពណ៌នាក៏ដោយចុះ ក៏បញ្ហាទឹកដីដែលបានរំលេចនៅក្នុង​ចម្រៀងមួយបទ នេះ​ធ្វើ​ឱ្យអ្នកស្ដាប់​យល់បាន​ថា​ ជាការសំដៅទៅរក​បញ្ហា​ព្រំដែន​ដ៏រស៊ើបមួយ​​ជាមួយនឹង​ប្រទេស​វៀតណាម  ​​​   ទៅនឹងការចោទប្រកាន់ជាយូរយារណាស់មកហើយថា រដ្ឋាភិបាលកាន់អំណាច គេចពីទំនួលខុសត្រូវរបស់ខ្លួនចំពោះរឿងបូរណភាពទឹកដីកម្ពុជា។

ឆ្លើយតប​នឹង​បណ្ដឹង​ធ្វើឡើង​ដោយ​ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ​នៅក្នុង​ខែធ្នូ ឆ្នាំដដែលនោះអង្គជំនុំជម្រះសាលាដំបូង​នៃខេត្តសៀមរាបបាន​ចេញសេចក្ដីសម្រេចថា ​អ្នក​ចម្រៀង​ទាំងពីរ​រូបមាន​ទោស​ផ្អែកតាម​មាត្រា​៤៩៥​ នៃ​ក្រម​ព្រហ្មទណ្ឌ​កម្ពុជា ពីបទ ​«ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ»។ នៅកម្ពុជា បទ​ចោទប្រកាន់ពីការញុះញង់ និង​បរិហារកេរ្តិ៍​តែងតែ​ត្រូវ​ធ្វើ​ឡើង​ដោយ​តុលាការ​ទៅលើ​អ្នក​នយោបាយ សកម្មជន និង​បុគ្គល​មួយចំនួន​​ដែល​ត្រូវបាន​មើល​ឃើញថា​ជាអ្នក​រិះគន់​រដ្ឋាភិបាល។¹

ម្យ៉ាងវិញទៀត ការផ្តន្ទាទោសទៅលើ​សុគន្ធ និង​ពុទ្ធារ៉ា​អាចចាត់ទុកបានថាជាការអនុវត្តច្បាប់ទៅតាម «ក្រមសីលធម៌នៃ​អ្នក​សិល្បៈ» ឆ្នាំ២០១៦ របស់ក្រសួង​វប្បធម៌និងវិចិត្រសិល្បៈ។ ផ្នែកទី២ ប្រការ៤ កថាខណ្ឌទី៩ នៃក្រមសីលធម៌នេះចែងថា អ្នក​សិល្បៈទាំងអស់ ​«ត្រូវចៀសវាងឱ្យបាននូវប្រឌិតញាណ ​ការ​សម្ដែង​ដែលមានលក្ខណៈអុជអាល បំបែកបំបាក់ ប្រកាន់ពូជសាសន៍       ពណ៌សម្បុរ និងជំនឿសាសនា»។ ក្រមនេះ​ក៏ពិពណ៌នាផងដែរអំពីការពិន័យចំពោះការមិនគោរពតាម ឬការបំពានបទប្បញ្ញត្តិផ្សេងៗ ហើយការពិន័យ គឺមានពីរបែប​ទៅតាមទម្ងន់នៃទោស ៖ «ណែនាំ ឬស្ដីបន្ទោសដោយផ្ទាល់មាត់ និង/ឬ ព្រមានជាលាយលក្ខណ៍អក្សរផ្សព្វផ្សាយជាសាធារណៈ» និង/ឬ​ «ផ្អាកមិនឱ្យ [អ្នកសិល្បៈ]ធ្វើសកម្មភាពទាក់ទងនឹង​វិស័យសិល្បៈវប្បធម៌ក្នុងរយៈពេលណាមួយស្របតាមកំហុសឆ្គងនៃអ្នកសិល្បៈនោះបានប្រព្រឹត្ត»

ខណៈដែលការដាក់ទោសទៅលើ​សុគន្ធ និង​ពុទ្ធារ៉ា គួរតែជាការដាក់ពិន័យកំណត់ដោយក្រមសីលធម៌នៃ​អ្នក​សិល្បៈឆ្នាំ២០១៦  រដ្ឋាភិបាលកម្ពុជា​បែរ​ជាជ្រើសប្រើបទប្បញ្ញត្តិ​ពី​ក្រមព្រហ្មទណ្ឌសម្រាប់ទម្ងន់ទោសនេះទៅវិញ។ ដូចដែលអ្នកកាសែត Sebastian Strangio បានកត់សម្គាល់ «ការផ្តន្ទាទោសអ្នកចម្រៀងរ៉ែបទាំងពីររូបនេះ​​គ្រាន់តែជា​រលកថ្មីៗនៃ​ការ​ចាប់ខ្លួន​សកម្មជន និង​អ្នកប្រឆាំងដែល​មានចំនួន​កាន់តែច្រើនឡើង​​ចាប់​តាំងពីការចាប់ខ្លួនលោក រ៉ុង ឈុន មេសហជីពដ៏ល្បី ​កាលពីខែកក្កដា បន្ទាប់ពីលោកបាន​ចោទប្រកាន់រដ្ឋាភិបាល​អំពីការ​ប្រគល់ដី​ឱ្យទៅប្រទេសវៀតណាម»។

ទោះជាយ៉ាងណាក្តី ការផ្តន្ទាទោស​ក្រោម​មាត្រា​៤៩៥​នៃក្រមព្រហ្មទណ្ឌ គឺត្រូវ​មាន​ធាតុនៃ «ការញុះញង់ដោយផ្ទាល់​ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬរំខានដល់សន្តិសុខសង្គម» តាមរយៈការប្រើសម្ដី សំណេរ រូបថត ឬសោតទស្សន៍​ណាមួយ​ផ្សព្វផ្សាយ​ដល់​សាធារណជន។ ក្នុងករណីអ្នកចម្រៀងរ៉ែបទាំងពីរ ហាក់ដូចជាចូល​ក្នុង​ចំណុច​ទី២​ គឺការផ្សព្វផ្សាយ​តន្ត្រី​ដល់​សាធារណជន      ប៉ុន្តែមិនច្បាស់ថាតើបទភ្លេងឬទំនុកច្រៀងរបស់ពួកគេជាការញុះញង់ដោយផ្ទាល់ឱ្យប្រព្រឹត្តបទល្មើសយ៉ាងដូចម្ដេច ឬថាតើ​ពួកគេ​រំខាន​ដល់​សន្តិសុខ​ជាតិយ៉ាងដូចម្ដេចនោះឡើយ។ នៅក្នុងសវនាការ ពុទ្ធារ៉ាសុខចិត្ត​បង្ហាញនូវ​វិប្បដិ​សារី​ចំពោះ​ទង្វើរបស់ខ្លួន ធ្វើ​ឱ្យមាន​ទម្ងន់ទោសស្រាល ​៖ ជាប់ពន្ធនាគារ៥ខែ។ ផ្ទុយទៅវិញ សុគន្ធទទួល​ទោសធ្ងន់ គឺជាប់គុក១ឆ្នាំកន្លះ ដោយសារលោកប្រកាន់ជំហរដោយ​មិនយល់​ព្រម​បង្ហាញនូវវិប្បដិសារីចំពោះមុខតុលាការឡើយ។²   

៥ឆ្នាំមុននឹងរឿងនេះបានផ្ទុះឡើង គឺនៅក្នុងខែកញ្ញា ឆ្នាំ២០១៥ សម្ព័ន្ធរដ្ឋចំនួន​៥៧​ដឹកនាំដោយប្រទេសឡាតវីយ៉ា អ៊ុយរ៉ាហ្កាយ និងសហរដ្ឋអាមេរិក បានចេញសេចក្ដីថ្លែងការណ៍រួម​មួយ ដែលថ្លែងដោយ​ឯកអគ្គរដ្ឋទូត  ជែនីស ខាលីន​ (Janis Karlins) ​តំណាងអចិន្ត្រៃយ៍​របស់​ឡាតវីយ៉ានៅអង្គការសហប្រជាជាតិប្រចាំ​នៅ​ទីក្រុងហ្សឺណែវ នៅចំពោះមុខសម័យប្រជុំលើកទី៣០របស់ក្រុមប្រឹក្សា​សិទ្ធិមនុស្ស ក្រោមប្រធានបទ៖ «ការអះអាងជាថ្មីចំពោះសិទ្ធិក្នុងការមានសេរីភាពបញ្ចេញមតិ ដោយរួមបញ្ចូលទាំងការធ្វើការសិល្បៈ និងការច្នៃប្រឌិត»។ អារម្ភកថានៃសេចក្ដីថ្លែងការណ៍នេះ​មានខ្លឹមសារដូចតទៅ ៖ 

«[យើង]អះអាងជាថ្មីអំពីសិទ្ធិក្នុងការមានសេរីភាពបញ្ចេញមតិ។ សិទ្ធិនេះត្រូវបានចែងនៅក្នុងមាត្រា១៩នៃ ICCPR (កតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ) ហើយត្រូវបាន​ធានាចំពោះមនុស្សគ្រប់រូបដោយគ្មានការរើសអើង។ វិសាលភាពសិទ្ធិនេះរួមបញ្ចូលទាំងការបង្ហាញសិល្បៈ និងការច្នៃប្រឌិត ដោយហេតុថា ICCPR លើកឡើងជាពិសេសពីការសម្តែង                «​ក្នុងទម្រង់សិល្បៈ»។ យោងតាមមាត្រា១៥នៃកតិកាសញ្ញាអន្តរជាតិស្ដីពីសិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌(ICESCR) រដ្ឋភាគីទទួលស្គាល់សិទ្ធិចូលរួម​ជីវិតវប្បធម៌របស់បុគ្គលណាម្នាក់ និងទទួលបានអត្ថប្រយោជន៍ពីការការពារផលប្រយោជន៍ដែលកើតចេញពីផលិតកម្មសិល្បៈរបស់បុគ្គលនោះ។ យោងតាមមាត្រា​២៧​នៃ UDHR (សេចក្ដីប្រកាសជាសាកលស្ដីពីសិទ្ធិមនុស្ស) មនុស្សគ្រប់រូបមានសិទ្ធិរីករាយជាមួយនឹងសិល្បៈ។»

ខុសពីប្រទេសអាស៊ីអាគ្នេយ៍ផ្សេងៗទៀត រដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ​១៩៩៣អាចនិយាយបានថាមានវិវឌ្ឍនាការ និងសេរីនិយមជាងគេ ជាពិសេសលើជ្រុងសិទ្ធិ​នយោបាយ សាសនា និងសិទ្ធិមនុស្ស។ គួរបញ្ជាក់ផងដែរថា រដ្ឋធម្មនុញ្ញនេះ គឺជាលទ្ធផលចេញពី​ភាពតានតឹងនៃសម័យក្រោយសង្គ្រាមត្រជាក់ និង ពីការធ្វើសម្បទាននយោបាយ  ដែលក្នុងនោះលទ្ធិប្រជាធិបតេយ្យ​បាន​ទទួល​ជ័យជម្នះ។ ចារឹករដ្ឋធម្មនុញ្ញឆ្នាំ​១៩៩៣ គឺមាត្រា​១៣ ដែល​ចែងថា ៖ «ព្រះរាជាណាចក្រកម្ពុជា​ទទួលស្គាល់ និងគោរពសិទ្ធិមនុស្សដូចមានចែងក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ​ សេចក្ដីប្រកាសជាសាកលស្ដីពីសិទ្ធិមនុស្ស សន្ធិសញ្ញានិងអនុសញ្ញាទាំងអស់ដែលទាក់ទងនឹងសិទ្ធិមនុស្ស សិទ្ធិស្ត្រី និងសិទ្ធិកុមារ»។ នេះមានន័យថា កម្ពុជាជាប្រទេសហត្ថលេខីនៃ ICCPR និង ICESCR ដូចបានរៀបរាប់ខាងលើ។ ហើយនេះមិនទាន់ទាំងពោលផងថា កម្ពុជាគឺជារដ្ឋភាគីដែលស្ថិតក្រោមដែនសមត្ថកិច្ចអង្គការយូណេស្កូ «អនុសញ្ញាស្ដីពីការការពារ និងការលើកស្ទួយពិពិធភាពនៃការបញ្ចេញមតិវប្បធម៌»។ ជាងនេះទៅទៀត ដូចដែលបានបញ្ជាក់ជាថ្មីនៅក្នុងសេចក្ដីសម្រេច ឆ្នាំ២០០៧ដោយក្រុមប្រឹក្សាធម្មនុញ្ញកម្ពុជា  ដែលជាស្ថាប័នមួយ​មានបុព្វសិទ្ធិបកស្រាយ និងធានាឱ្យមានការគោរពរដ្ឋធម្មនុញ្ញ រាល់ច្បាប់ អន្តរជាតិដែលកម្ពុជាបានផ្ដល់សច្ចាប័ននឹងក្លាយទៅជាច្បាប់របស់ជាតិ។

 

ក្របខណ្ឌច្បាប់ទាំងនេះ ទាំងនីតិជាតិ និងនីតិអន្តរជាតិ បានធ្វើឱ្យកម្ពុជាស្ថិត​ក្នុងចំណោម​ប្រទេស​ដែល​មាន​របបសិទ្ធិមនុស្សឈានមុខគេ និងស្របតាមស្ដង់ដារអន្តរជាតិ។ បើមើលទៅវាហាក់បីដូចជានៅប្រទេសកម្ពុជា សេរីភាព​នៃការបញ្ចេញមតិមានរួមបញ្ចូលផងដែរនូវការសម្តែងមតិសិល្បៈ និងការច្នៃប្រឌិត ដូចដែលបានលើកឡើងនៅក្នុងច្បាប់​របស់កម្ពុជាផ្ទាល់។ ដូច្នេះ សិល្បករខ្មែរគួរតែរីករាយ​នឹង​សិទ្ធិ ផ្សេងៗរបស់ពួកគេដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ។ 

ប៉ុន្តែ គេ​មិនច្បាស់ថាហេតុអ្វីបានជាក្នុងចំណោមប្រទេសអាស៊ានដទៃទៀត ប្រទេសកម្ពុជាមិនបានបង្ហាញចំណាប់អារម្មណ៍លើ ឬចូលរួមនៅក្នុង «ការអះអាងជាថ្មីចំពោះសិទ្ធិក្នុងការមានសេរីភាពបញ្ចេញមតិ»ឆ្នាំ​២០១៥នោះឡើយ។ បើយើងក្រឡេកមើលពីភាពរកាំរកូស នាពេលថ្មីៗនេះរវាងសិល្បករ និងរដ្ឋាភិបាល ប្រហែលជាអាចផ្ដល់នូវតម្រុយមួយចំនួន។ ទោះបីជារបបច្បាប់កម្ពុជាអាចជារបប​គំរូក៏ដោយចុះ ក៏ការអនុវត្តជាក់ស្ដែង និងតថភាពនៅក្នុងប្រទេសអាចនឹងមិនឆ្លើយឆ្លង ឬ ប្រដំប្រសងទៅនឹងរបបច្បាប់ជាធរមាននោះឡើយ។ ចាប់តាំងពីឆ្នាំ១៩៩៣មក ប្រហែលមានតែសុគន្ធ និងពុទ្ធារ៉ាតែប៉ុណ្ណោះដែលជាអ្នកសិល្បៈ ដែលត្រូវបានទទួលការកាត់ទោសឱ្យជាប់ពន្ធនាគារ ប៉ុន្តែពួកគេមិនមែនជាសិល្បកតែពីររូបនោះទេ ដែលសេរីភាពក្នុងការបញ្ចេញមតិ និង ផលិតកម្មសិល្បៈរបស់ពួកគេ ត្រូវបានទទួលរងនូវ ការប្រឈម ការថ្កោលទោស ឬ ការពិនិត្យពិច័យ ឬ ត្រូវបានចាត់ទុកថាបានឆ្លង «បន្ទាត់ក្រហម» ពីសម្នាក់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឬអាជ្ញាធរមានសមត្ថកិច្ច ។  

នៅខែឧសភា ឆ្នាំ២០១៦ តារាចម្រៀងដេននី ក្វាន់ ដែលល្បីរឿងស្លៀកពាក់«ស៊ិចស៊ី» និងស្រើបស្រាលត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកោះហៅ បន្ទាប់ពីរូបថត​ជាច្រើនសន្លឹកដែលឃើញរូបនាងស្លៀកពាក់សាច់ក្រណាត់ថ្លាមើលធ្លុះឃើញសាច់ សឹងតែខ្លួនទទេ ផ្សព្វផ្សាយនៅក្នុងសារព័ត៌មានក្នុងស្រុក។ ដេននី ក្វាន់   ដែល​មានអាយុ២៣ឆ្នាំនៅពេលនោះត្រូវបានហៅទៅ«ណែនាំ»។ នាង​មិនត្រឹមតែត្រូវបានស្ដីបន្ទោសចំពោះរឿងសម្លៀកបំពាក់នោះទេ ថែមទាំងត្រូវបានណែនាំអំពីអាកប្បកិរិយារបស់ស្ត្រីដែលគួរប្រព្រឹត្ត ហើយត្រូវសន្យាថានឹងមិនប្រព្រឹត្ត​​ «កំ​ហុសឆ្គង»ទៀត។ សម្លៀកបំពាក់របស់ដេននី ក្វាន់ត្រូវបានគេចាត់ទុកថាមានផលប៉ះពាល់អវិជ្ជមានដល់ទំនៀមទម្លាប់ជាតិ ព្រមទាំងបំពានក្រមសីលធម៌នៃអ្នកសិល្បៈដែលចែងថា៖

សិល្បករទាំងអស់ «ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍សីលធម៌ គុណធម៌ សច្ចធម៌ ទាំងសំណេរ ទាំងការប្រើប្រាស់ពាក្យពេចន៍ កាយវិការ សកម្មភាព ឥរិយាបថ ការស្លៀកពាក់ ដោយរក្សាឱ្យបាន​នូវភាពថ្លៃថ្នូរ ដើម្បីរួមចំណែកលើកកម្ពស់សីលធម៌សង្គម និងកិត្យានុភាពជាតិ»

ក្រមសីលធម៌ដែលមាន១៨ទំព័រ ហើយបានចេញផ្សាយដំបូងក្នុងឆ្នាំ២០១០ដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនេះ គឺមានភាពសមស្របជាមួយនឹងគោលនយោបាយជាតិសម្រាប់វប្បធម៌ឆ្នាំ២០១៤ ហើយដែលគោលនយោបាយនេះមានគោលបំណង ៖

លើកកម្ពស់ ថែរក្សា ការពារសិល្បៈ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី និងអត្តសញ្ញាណជាតិ ឱ្យបានគង់វង្ស ដើម្បីលើកកម្ពស់កិត្យានុភាពជាតិ និង​ការអភិវឌ្ឍប្រកបដោយចីរភាព ទប់ស្កាត់ផលប៉ះពាល់ដែលមានលក្ខណៈអវិជ្ជមានចំពោះសិល្បៈប្រពៃណីជាតិ។

មិនយូរប៉ុន្មាន បន្ទាប់ពីដេននី ក្វាន់ត្រូវបានហៅទៅណែនាំ រដ្ឋមន្ត្រីក្រសួងវប្បធម៌ លោកជំទាវ ភឿង សកុណា បានកោះប្រជុំថ្នាក់ក្រសួង ដើម្បីកែប្រែក្រមសីលធម៌ដែលមានស្រាប់។ ក្នុងការការពារ​ចំណាត់ការនេះ              លោក ថៃ នរៈសត្យា ដែលកាលនោះជាអ្នកនាំពាក្យរបស់ក្រសួងវប្បធម៌ បានមានប្រសាសន៍ថា«យើងចង់កែប្រែក្រមដែលមានស្រាប់សម្រាប់អ្នកសិល្បៈអាជីព ដើម្បីកុំឱ្យការងារ និងចម្រៀងរបស់ពួកគាត់រងការរិះគន់ខ្លាំងពេកពីសាធារណជន»។ ប្រាកដណាស់ មានការរិះគន់ជាច្រើន​ពីសាធារណជន ដែលភាគច្រើនត្រូវបានបង្ហោះតាមបណ្ដាញសង្គម ចំពោះការស្លៀកពាក់របស់អ្នកសិល្បៈនិងតារាស្រី ដែលមានលក្ខណៈស្រើបស្រាល។  ហើយបទចម្រៀងជាច្រើនដែលចេញដោយសិល្បករផ្សេងៗនៅក្នុងឆ្នាំ២០១៦ ត្រូវបានគេមើលឃើញថាមិនមានតម្លៃអប់រំ។ បទចម្រៀងទាំងនោះរួមមាន ស៊ីចេកផឹកទឹក ដោយនិរត្តន៍ បទស៊ីបានចេះតែស៊ីទៅ ដោយ​កែវ វាសនា និងបទ ទាល់តែយូរទើបស៊ីអូនបាន ដោយចាន់ ម៉ាលីស។ នៅក្នុងវាក្យស័ព្ទខ្មែរសម័យទំនើប ក៏ដូចនៅក្នុងភាសាថៃដែរ ពាក្យ «ស៊ី» ក៏មានន័យថាការរួមភេទដែរ។ ដូច្នេះ មិនថាយ៉ាងណាទេ បទចម្រៀងទាំងនេះគឺទាក់ទងទៅនឹងការរួមភេទ ឬភាពអសុរោះនៅក្នុងការបញ្ចេញមតិខាងផ្លូវភេទ។ ក្នុងបរិបទនេះ ក្រសួងបានធ្វើតាមមនោសញ្ចេតនាប្រជាជន ហើយបោះជំហានប្រតិកិរិយា ដើម្បីកែប្រែក្រមសីលធម៌ថ្មី «បង្កើតការឯកភាពគ្នាក្នុងចំណោមសិល្បករ និងអ្នកនិពន្ធ អំពីអ្វីដែលសមរម្យក្នុងការស្លៀកពាក់ ឬបញ្ចូលស្នាដៃរបស់ពួកគេ»។ ក្រមសីលធម៌ថ្មីនេះធ្វើឱ្យរដ្ឋាភិបាលមានសំឡេងកាន់តែធ្ងន់ទៅលើការផលិតស្នាដៃសិល្បៈ និងឥរិយាបថអ្នកសិល្បៈ ហើយស្របពេលជាមួយគ្នាអាចពង្រឹងរូបភាពរបស់រដ្ឋាភិបាលក្នុងនាមជារដ្ឋាភិបាលដែលឱ្យតម្លៃលើមតិប្រជាជនផងដែរ។

ប្រហែល៨ខែបន្ទាប់ពីក្រមសីលធម៌ថ្មីនេះត្រូវបានប្រកាសជាសាធារណៈនៅខែមេសា ឆ្នាំ២០១៧ រឿងសម្លៀកបំពាក់របស់ដេននី ក្វាន់​បាន​ផ្ទុះចេញជាប្រធានបទនិយាយគ្នារបស់សាធារណជនជាថ្មី។ ជាលទ្ធផល ដេននី ក្វាន់បានក្លាយជាតារាដំបូងគេដែលរងគ្រោះដោយសារក្រមសីលធម៌នេះ ដោយនាងត្រូវបានហាម(ជាការដាក់ទណ្ឌកម្ម) មិន​ឱ្យ​សម្ដែងនៅក្នុងខ្សែភាពយន្ត​ថ្មីឡើយ សម្រាប់រយៈពេលមួយឆ្នាំ។ ទោះបីជា​យ៉ាងណាក៏ដោយ គេមិនច្បាស់ទេថាតើបម្រាមនេះកើតឡើងដោយសារសម្លៀកបំពាក់ ដែលនាងស្លៀក​ក្នុងជីវិត​ឯកជន ឬក៏ដោយសារ​តែសម្លៀកបំពាក់ដែលនាងស្លៀកក្នុងពេលសម្ដែង។ ទោះយ៉ាងណា ការផ្អាកការងារសម្ដែងរបស់នាង គឺជាចំណាត់ការមួយរបស់ក្រសួងវប្បធម៌ ដោយសារនាងមិនព្រមស្លៀកពាក់ឱ្យបានសមរម្យ តាមការណែនាំរបស់​ក្រសួងកាលពីពេលដែលនាងត្រូវ​បាន​ហៅទៅណែនាំនៅឆ្នាំ២០១៦។

តាមពិតទៅ ដេននី ខ្វាន់មិនដែលបង្ហាញរូបភាពអាក្រាតកាយនៅពេលសម្ដែងទេ តែសម្លៀកបំពាក់លិចលើលិចក្រោមរបស់នាង ដែលសឹងតែដូចគ្មានស្លៀកពាក់ ត្រូវបានចាត់ទុកថាជាភាពអាក្រាត ដែលជារឿងរសើបមួយសម្រាប់អ្នកផង ជារឿងរំខាន ឬមានលក្ខណៈបំផ្លាញនៅក្នុងប្រទេស​កម្ពុជាសព្វថ្ងៃ។ ប៉ុន្តែ ភាពអាក្រាតកាយគឺមាននៅក្នុងសិល្បៈ និងវប្បធម៌កម្ពុជាតាំងពីយូរណាស់មកហើយ។ ឧទាហរណ៍អប្សរាដែលគ្មានពាក់អាវនៅតាមជញ្ជាំងប្រាសាទអង្គរសតវត្សរ៍ទី១២ និងរូបអាក្រាតនៅក្នុងស្នាដៃរបស់វិចិត្រករ ញឹក ឌឹម នៅចុងទសវត្សរ៍ទី៦០   និងដើមទសវត្សរ៍ទី៧០។ ស្ទីលគំនូរដ៏ស្រើបស្រាលរបស់គាត់នៅតែដក់ជាប់ក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន​ តួយ៉ាងដូចជាគំនូរស្ត្រីអត់អាវកណ្ដៀតក្អមទឹកជាដើម ដែលគេអាចរកបាននៅតាមហាងនានាម្ដុំសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ(RUFA)។

ថ្វីបើមានភស្តុតាងជាប្រវត្តិសាស្ត្រ និងវប្បធម៌បែបនេះក៏ដោយ ក៏ការអាក្រាតកាយត្រូវបានចាត់ទុកថាជាទិដ្ឋភាពមិនល្អដែលត្រូវតែលុបបំបាត់។ បម្រែបម្រួលឥរិយាបថទាំងនេះ និងបទប្បញ្ញត្តិនៃការបង្ហាញរូបភាពអាក្រាតកាយដែលពីមុនអាចទទួលយកបាន តែឥឡូវកាន់តែមានភាពប្រទាំងប្រទើស។ ក្នុងឆ្នាំ២០០៨ រដ្ឋាភិបាលរួមទាំងក្រសួងកិច្ចការនារី និងក្រសួងព័ត៌មាន បានសម្ដែងការព្រួយបារម្ភចំពោះស្នាដៃសិល្បៈឌីជីថលបង្ហាញរូបអប្សរាដែលមានដើមទ្រូងណែនក្លំ នៅលើក្បាលមានគ្រឿងប្រដាប់ និងគ្រឿងអលង្ការដ៏ប្រណីត អង្គុយពីមុខប្រាសាទបុរាណខ្មែរ ដែលជាស្នាដៃសិល្បៈរបស់​ក្រុម​សិល្បករឌីជីថលខ្មែរ-អាមេរិកាំងមួយឈ្មោះ Reahu Ausra ។ ក្រសួងបានលើកឡើងថា ការងារនេះប្រឆាំងនឹងវប្បធម៌ខ្មែរ និងបន្ទាបតម្លៃស្ត្រី និងប្រពៃណីខ្មែរ។ ក្រុម Reahu Ausra   បានអះអាងវិញថា មុខអប្សរាដែលបានបង្ហាញនោះ គឺជាតិសាសន៍ដទៃ មិនមែនជារូបតំណាងឱ្យស្ត្រីខ្មែរនោះទេ។

រដ្ឋធម្មនុញ្ញកម្ពុជាក៏លើកឡើងពីរឿងសេចក្ដីថ្លៃថ្នូរ និងតម្លៃស្ត្រីនេះផងដែរ។ មាត្រា ៤៦ ចែងថា៖ «ការជួញដូរមនុស្ស អំពើអាជីវកម្មផ្លូវភេទ និងអំពើអាសអាភាស ដែលប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់ស្ត្រីត្រូវហាមឃាត់»។ ប៉ុន្តែតើការស្លៀកពាក់របស់ដេននី ក្វាន់ត្រូវ​បាន​ចាត់ទុកជាពេស្យាចារ ឬអាសអាភាសដែរឬទេ? ហើយតើវាមិនឱ្យតម្លៃ ឬធ្វើឱ្យតម្លៃស្ត្រីខ្មែរ ឬប្រពៃណីខ្មែរធ្លាក់ចុះដោយរបៀបណា? យើង​ប្រហែលជាគ្មានចម្លើយផ្លូវការចំពោះសំណួរទាំងនេះទេ ប៉ុន្តែមាត្រា៣១នៃរដ្ឋធម្មនុញ្ញចែងថា កម្ពុជាទទួលស្គាល់ និងសន្យា​បំពេញ​តាមអនុសញ្ញាអន្តរជាតិស្ដីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងប្រឆាំងនឹងស្ត្រី (CEDAW)។

Denny Kwan.

វាក៏ចាំបាច់ដែរក្នុងការធ្វើឱ្យមានតុល្យភាពជាមួយនឹងការផ្ដល់ឱ្យស្ត្រីទាំងអស់នូវសិទ្ធិអំណាចលើរាងកាយ និងជម្រើសរបស់ពួកគេ។ ក្នុងកិច្ចសម្ភាសន៍ទូរទស្សន៍ជាមួយ Freshnews ក្នុងឆ្នាំ២០១៨ ប៉ុន្មានខែមុនបម្រាមរបស់នាងត្រូវបានដកចេញ ដេននី ក្វាន់ បាននិយាយថា នាង «គោរព» (នាងសើចពេលនិយាយពាក្យនេះ) តាមការ សម្រេចរបស់ក្រសួងក្នុងការផ្អាកការងារសម្ដែងរបស់នាង។ នាង​បាននិយាយថា៖ «ខ្ញុំមិនមែនជាអ្នកសិល្បៈស៊ិចស៊ីតែម្នាក់នៅកម្ពុជាទេ ប៉ុន្តែយើង​រស់នៅក្នុងប្រទេសកម្ពុជាដែល​មានវប្បធម៌​ និងប្រពៃណី។ ដូច្នេះយើងគួរតែធ្វើតាម ហើយកុំស្លៀកពាក់ស៊ិចស៊ីពេក»។    ទោះយ៉ាងណា នៅពេលសួរថាតើនាងគិតថាខុសឬអត់ដែលស្លៀកពាក់ស៊ិចស៊ីនោះ   នាងបាននិយាយការពារថា៖ «តាមគំនិតរបស់ខ្ញុំ.. នេះ​គ្រាន់តែជាការយល់ឃើញរបស់ខ្ញុំ  វាមិនខុសទេ ព្រោះមនុស្សម្នាក់គួរតែរីកចម្រើនទៅតាមពេលវេលា (សំដៅលើភាពទំនើប)។ ភាពស៊ិចស៊ីមិនមែនជាបញ្ហាទេ យ៉ាងហោចណាស់សម្រាប់ខ្ញុំ ប៉ុន្តែ​ប្រហែលជាសម្រាប់ចាស់ៗ…ប៉ុន្តែអ្នកគ្រប់គ្នាយល់ឃើញខុសគ្នា»។ ខណៈពេលដែលប្រតិកម្មរបស់ដេននី ក្វាន់លើការសម្រេចរបស់ក្រសួងហាក់ដូចជាមានលក្ខណៈ ងាយទទួលយក និង អកម្មក៏ដោយចុះ (ហើយនេះគឺជាប្រតិកម្មដែលត្រូវបានរំពឹងទុកដោយសារតែបច្ចុប្បន្នភាពសង្គមនយោបាយនៅកម្ពុជា) ក៏សិល្បកររូបនេះហាក់មិនបានកាត់បន្ថយរឿងសម្លៀកបំពាក់នោះឡើយនៅក្នុងទីសាធារណៈ ជាពិសេស​នៅក្នុងបណ្ដាញសង្គម​របស់នាង​ដែលមានអ្នក​តាមដាន​ជាងមួយលាននាក់។

វាចាំបាច់ណាស់ក្នុងការចង្អុលបង្ហាញដែរថា ក្រមសីលធម៌ឆ្នាំ២០១៦មិនបាន​បញ្ជាក់អំពីភេទទេ ពេលប្រើពាក្យ​«អ្នកសិល្បៈ»។ ក្រមសីលធម៌កំណត់ថាអ្នកសិល្បៈជា «អ្នកដែលមានចំណេះដឹង និងអនុវត្តសិល្បៈនៅក្នុងសកម្មភាពទាក់ទងនឹងតន្ត្រី ចម្រៀង របាំ របាំបុរាណ វោហាស័ព្ទ និងការផលិតស្នាដៃសិល្បៈ និងវប្បធម៌»។ ទោះជាយ៉ាងណា ការអនុវត្តផ្នែកទី២ មាត្រា៤ កថាខណ្ឌទី៣ (អ្នកសិល្បៈទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍សីលធម៌ គុណធម៌ ការស្លៀកពាក់ និងឥរិយាបថសមរម្យ)រហូតមកដល់ពេលនេះមិនសូវមានភាពស្មើគ្នាសម្រាប់គ្រប់គ្នាទេ។ អ្នកសិល្បៈស្រ្តី និងសម្លៀកបំពាក់របស់ពួកគេ​ច្រើនតែជាប្រធានបទនៃការរិះគន់ និងការតាមដានរបស់សាធារណជន និងរដ្ឋាភិបាល។ រដ្ឋច្រើនតែលើកឡើងពីរឿង «សេចក្ដីថ្លៃថ្នូរ» ដែលអនុលោមតាមរដ្ឋធម្មនុញ្ញ ដើម្បីតំណាងឱ្យឥរិយាបថល្អរបស់​ស្ត្រី។ បើតាមការអះអាងរបស់ក្រុមអ្នកតស៊ូមតិសិទ្ធិមនុស្សកម្ពុជា ក្រមសីលធម៌នេះហាក់ដូចជាត្រូវបាន​ប្រើ​ដើម្បីរឹតត្បិត​លើ​រាងកាយស្ត្រី និងជំរុញឱ្យ​មានការរើសអើងយេនឌ័រ។ តើការស្លៀកពាក់មិនមែនជាទម្រង់មួយនៃសេរីភាពបញ្ចេញមតិ ហើយដែលត្រូវបានការពារដោយរបបសិទ្ធិមនុស្សកម្ពុជាទេឬ? តើចំណាត់ការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈមិនបំពានលើរដ្ឋធម្មនុញ្ញ និងមាត្រា៣ មាត្រា៥ ក្នុងផ្នែកA នៃ​ CEDAW ទេឬ?

ករណីរបស់ដេននី ក្វាន់ និងសុគន្ធ គួរតែត្រូវ​ចាត់ទុកថាជាបញ្ហាសិទ្ធិបញ្ចេញមតិតាមសិល្បៈ និងការច្នៃប្រឌិត   ដែលលើកឡើងដោយសម្ព័ន្ធនៃរដ្ឋចំនួន​៥៧កាលពីខែកញ្ញា ឆ្នាំ២០១៥ ដែលបានលើកឡើងខាងលើ។ ជាគោលការណ៍ អ្នកសិល្បៈត្រូវបាន​ការពារដោយមាត្រា​៤១នៃរដ្ឋធម្មនុញ្ញ ៖ «ប្រជាជនមានសេរីភាពក្នុងការបញ្ចេញមតិផ្ទាល់ខ្លួន សេរីភាពសារព័ត៌មាន ការបោះពុម្ពផ្សាយ និងការជួបជុំ។ គ្មាននរណាម្នាក់អាចទាញយកផលប្រយោជន៍ដោយរំលោភបំពានលើសិទ្ធិទាំងនេះ ដើម្បីបំផ្លាញសេចក្ដីថ្លៃថ្នូររបស់អ្នក​ដទៃ ប៉ះពាល់ដល់ទំនៀមទម្លាប់ដ៏ល្អរបស់សង្គម សណ្ដាប់ធ្នាប់សាធារណៈ និងសន្តិសុខជាតិឡើយ»។ ផ្នែកទី២នៃមាត្រានេះអាចជាមូលដ្ឋានដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈយកទៅប្រើ​។ ទោះជាយ៉ាងណា រយៈពេល៣០ឆ្នាំមកនេះ ក្រុមប្រឹក្សាធម្មនុញ្ញ​មិនដែលបកស្រាយ ឬនិយាយពីការរឹតត្បិតនៅក្នុងច្បាប់នេះទេ។

មិនថាក្រមសីលធម៌នៃអ្នកសិល្បៈ និងចំណាត់ការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈគឺជាឧបសគ្គធំប៉ុណ្ណាទេ ក៏វាមិនអាចរារាំងអ្នកសិល្បៈបានឡើយក្នុងការប្រើសិទ្ធិជាមូលដ្ឋាន ដូចដែលបានចែង និងការពារដោយរដ្ឋធម្មនុញ្ញ  និងច្បាប់អន្តរជាតិនានាដែលកម្ពុជាបានផ្ដល់សច្ចាប័ន។ សុគន្ធគឺជាឧទាហរណ៍ស្រាប់។ បន្ទាប់ពីមានសេរីភាពឡើងវិញនៅដើមឆ្នាំនេះ អ្នកចម្រៀងរ៉ែបរូបនេះទើបតែចេញបទចម្រៀងថ្មីមួយ​មានចំណងជើងថា ៣៦៥ថ្ងៃ។ បទចម្រៀងនេះរៀបរាប់ពីការតស៊ូ ភាពតានតឹង និងការខកចិត្ត ដែលគេបានជួបប្រទះក្នុងអំឡុងពេលគេជាប់ពន្ធនាគារ។ ប៉ុន្តែ   វាក៏ជាការប្រកាសពីការចូលប្រឡូកក្នុងឆាកតន្ត្រីសាជាថ្មីរបស់សុគន្ធផងដែរ ដោយ​បញ្ជាក់ជាថ្មីពីការប្ដេជ្ញាចិត្តរបស់ខ្លួន​ចំពោះអព្យាក្រឹតភាព និងបន្តបញ្ចេញមតិរបស់ខ្លួន​លើ​បញ្ហាសង្គម និងអយុត្តិធម៌។         នៅពាក់កណ្ដាលបទចម្រៀងនេះ អ្នក​ស្ដាប់នឹងបាន​ឮពាក្យបរិហាររបស់សុគន្ធ «អ្នកខ្លះដៀលត្មិះថាខ្ញុំមិនបានការ ដៀលខ្ញុំចេះតែនិយាយ ដៀលខ្ញុំចេះតែថា ទាំងដែលខ្ញុំខំប្រឹង មិនគិតប្រយោជន៍ខ្លួន លះបង់សេរីភាពដើម្បីប្រយោជន៍រួម »

This content is produced as part of a project to research and document arts and culture censorship in Southeast Asia, organised by ArtsEquator. For the English version of this article, please click here.

Leave a Reply